បំណិនជីវិតស្តីពីការដាំដើមត្រប់ សិស្សានុសិស្សថ្នាក់ទី៦ក

ទំព័រដើម / បំណិនជីវិតស្តីពីការដាំដើមត្រប់ សិស្សានុសិស្សថ្នាក់ទី៦ក

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីបំណិនជីវិតស្តីពី “ការដាំដើមត្រប់” ជូនដល់សិស្សានុសិស្សថ្នាក់ទី៦"ក" វេនព្រឹក និងវេនរសៀល ដែលដឹកនាំដោយលោកគ្រូ ខេង  លន់។ ជាដំបូងលោកគ្រូ បានបង្ហាញឈ្មោះដំណាំដែលត្រូវដាំ សម្ភារៈ និងរៀបរាប់ពីរបៀបដាំត្រប់យ៉ាងក្បោះក្បាយជូនដល់សិស្សានុសិស្សឱ្យបានដឹង។ បន្ទាប់មកទៀត អ្នកគ្រូបានប្រាប់ពីដំណាក់កាលដាំនីមួយៗ។ ដំណាក់កាលទី១ អ្នកគ្រូបានបញ្ជាក់ពីសម្ភារៈ និងដំណាំដែលត្រូវប្រើសម្រាប់ដាំរួមមាន ស្រោមដៃ ផើងដាំដំណាំ បោយស្រោចដំណាំ ជីកំប៉ុស្ត និងដីជាដើម។ ដំណាក់កាលទី២ ត្រូវយកដីដាក់ក្នុងផើងរួចជ្រួយវាឱ្យសព្វ ហើយស្រោចទឹកផ្សើមដីនោះឱ្យសើមល្មម។ ចំពោះដីសម្រាប់ដាំត្រប់ លោកគ្រូបានឱ្យសិស្សជ្រើសរើសដីដែលល្អមានជីជាតិ ជីកំប៉ុស្ត ឬដីល្បាយជាដើម។ ដំណាក់កាលចុងក្រោយ លោកគ្រូឱ្យសិស្សយកគ្របត្រប់ដាក់ដាំនៅក្នុងផើងដែលបានរៀបចំទុកមុននោះ។ លោកគ្រូបានបន្ថែមទៀតថា ដើម្បីឱ្យខ្ញីលូតលាស់បានកាន់តែល្អ យើងមិនត្រូវដាំត្រប់ក្នុងចំនួនច្រើនក្នុងផើងតែមួយនោះទេ ពីព្រោះអាចនាំត្រប់ដុះលូតលាស់មិនល្អ ញឹកពេក និងស្រូបយកជីជាតិមិនបានគ្រប់គ្រាន់។ មួយវិញទៀត យើងត្រូវស្រោចទឹកឱ្យបានគ្រប់គ្រាន់ ហើយដាក់វានៅកន្លែងដែលមានពន្លឺថ្ងៃល្អ ព្រោះរុក្ខជាតិទាំងអស់ត្រូវការពន្លឺព្រះអាទិត្យសម្រាប់ដំណើរការរស្មីសំយោគ។ ក្រោយពីបានស្តាប់លោកគ្រូពន្យល់ចប់សព្វគ្រប់ ប្អូនៗសិស្សានុសិស្សទាំងអស់បានចូលរួមជួយដាំត្រប់ជាមួយអ្នកគ្រូក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ និងមានការសហការគ្នាបានយ៉ាងល្អ ហើយសិស្សានុសិស្សទាំងអស់មានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើលការលូតលាស់របស់ដំណាំដែលពួកគេបានដាំ។