ទំនៀមទម្លាប់ និងអត្ថន័យនៃពិធីពូនភ្នំខ្សាច់

ទំព័រដើម / ទំនៀមទម្លាប់ និងអត្ថន័យនៃពិធីពូនភ្នំខ្សាច់

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទៈ "ទំនៀមទម្លាប់ និងអត្ថន័យនៃពិធីពូនភ្នំខ្សាច់”
អត្ថបទដកស្រង់ដោយ :  ទ្រី សុខហៀង
#MJQE#AmericanInterconSchool      

ពិធីពូនភ្នំខ្សាច់នេះ មិនមែនធ្វើឡើងតែក្នុងរដូវបុណ្យភ្នុំបិណ្ឌនោះទេ។ តាមទំនៀមទម្លាប់ខ្មែរ ការពូនភ្នំខ្សាច់នេះអាចធ្វើឡើងនៅក្នុងពិធីបុណ្យអ្វីក៏បានដែរមានដូចជា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យមាឃបូជា បុណ្យវិសាខបូជា និងបុណ្យបច្ច័យបួន ជាដើម។ ពិធីពូនភ្នំខ្សាច់ កើតមានឡើងតាំងពីជាង២៥០០ឆ្នាំមុនមកម្ល៉េះ ពោលគឺកាលពីព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ធរមាន។ ភ្នំខ្សាច់នេះ ឬចេតិយខ្សាច់ ហៅតាមភាសាបាលីថា វាលុកចេតិយ។ ចេតិយខ្សាច់ គឺជាគំនរខ្សាច់ដែលត្រូវបានគេពូនជារាងចេតិយ ដើម្បីឧទ្ទិសដល់ព្រះចូឡាមណីចេតិយរបស់ព្រះពុទ្ធអង្គ។ ចូឡាមណីចេតិយ គឺជាចេតិយដែលតម្កល់នូវព្រះកេសា និងព្រះចង្កូមកែវរបស់ព្រះពុទ្ធ ដែលស្ថិតនៅឯឋានតាវត្តិង្សឯណោះ។ ឋានតាវត្តិង្ស គឺជាឋានសួគ៌មួយក្នុងចំណោមឋានទេវលោកជាច្រើនទៀត ដែលគ្រប់គ្រងដោយ ព្រះឥន្ធ។ 

កាលពីព្រះពុទ្ធអង្គ ចេញសាងព្រះផ្នួសនៅព្រះជន្ម២៩វស្សា ព្រះអង្គក៏បានកាត់ព្រះកេសាដោយខ្លួនឯង ហើយព្រះកេសានោះត្រូវបានទេវតា នាំយកទៅតម្កល់ទុកនៅឯចូឡាមណីចេតិយ។ ចំណែក ព្រះចង្កូមកែវ ត្រូវបានទេវតាបាននាំទៅតម្កល់ទុកក្នុងចេតិយនេះដូចគ្នា គឺនៅពេលដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វាន ហើយព្រះសពត្រូវបានរំលាយដោយព្រះអគ្គី។ ដូច្នេះ ភ្នំខ្សាច់ដែលត្រូវបានធ្វើឡើង គឺតំណាងឱ្យព្រះចេតិយ ដែលបញ្ចុះនូវព្រះកេសា និងព្រះចង្កូមកែវនៃព្រះសម្មាសម្ពុទ្ធនេះឯង។

ការពូនភ្នំខ្សាច់នេះ បុរាណបណ្ឌិតយើងបានពន្យល់ថា គឺជាការរំឭកដល់ព្រះចូឡាមណីចេតិយដែលសំដៅទៅលើការរំឭកដល់ព្រះកេសា និងព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ។ ការរំឭកដល់ព្រះសារីរិកធាតុ គឺដូចជាការរំឭកដល់តួអង្គផ្ទាល់នៃព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គមានគុណជាអនេកប្បការចំពោះសត្វលោក ពោលគឺគុណទាំងបីរួមមាន បញ្ញាគុណ ករុណាគុណ និងវិសុទ្ធគុណ។ ការរំឭកដល់គុណព្រះពុទ្ធនេះហើយ ដែលធ្វើឱ្យយើងកើតចិត្តជ្រះថ្លាចំពោះព្រះអង្គ ដែលជាហេតុនាំឱ្យកើតកុសលផលបុណ្យ។
ម្យ៉ាងទៀត ដោយអំណាចនៃការពូនភ្នំខ្សាច់ ឧបកិច្ចដល់ព្រះចូឡាមណីចេតិយនេះ ក៏អាចឱ្យអ្នកទាំងឡាយដែលចូលរួមពូននោះ សុំអធ្យាស្រ័យដល់ពពួកសត្វ និងមនុស្ស ព្រមទាំងទេវតាទាំងពួង ក្នុងចក្រវាឡទាំងមូលឱ្យលើកលែង និងអហោសកម្មដល់ខ្លួនដែលធ្លាប់ប្រព្រឹត្តនូវអំពើជាអកុសល ដល់សត្វលោកទាំងនោះក្នុងអតីតជាតិដោយអចេតនាណាមួយ។
 
ប៉ុន្តែបើបាបកម្ម ដែលយើងធ្លាប់ធ្វើលើអ្នកដទៃឲ្យរងការឈឺចាប់ដោយចេតនា និងចិត្តឫស្យា នោះ យើងពុំអាចសុំឲ្យដាច់កម្មពៀរ ឬបាបកម្ម ដោយគ្រាន់តែគោរពចំពោះភ្នំខ្សាច់នោះទេ។ បើយើងធ្វើបាបគេដោយចេតនា ហើយយើងអាចសុំលាងជម្រះបាបកម្ម ឬកម្មពៀរទាំងនោះ ដោយគ្រាន់តែបូជាចំពោះភ្នំខ្សាច់ប៉ុណ្ណឹង អ៊ីចឹង វាដូចជាអយុត្តិធម៌ពេកហើយ។ ច្បាប់ធម្មជាតិមិនតម្រូវឲ្យ យើងមានសិទ្ធិអស្ចារ្យដូច្នេះឡើយ។ 
ជាងនេះទៀត ដោយអានុភាពនៃសទ្ធាជ្រះថ្នាក្នុងការពូនភ្នំខ្សាច់ រំឭកដល់ព្រះពុទ្ធអង្គ យើងក៏អាចប្រាថ្នាសុំនូវសិរីសួស្តីទាំងឡាយឱ្យកើតមានដល់ក្រុមគ្រួសារ និងសហគមន៍ផងដែរ។ ប៉ុន្តែបើទោះ  បីជាយើងផ្សងដូច្នេះក៏ពិតមែន តែយើងក៏ត្រូវតែខិតខំបំពេញកិច្ចទាំងឡាយណាដែលនាំឱ្យរីកចម្រើនដែរ មិនមែនតាំងសេចក្តីប្រាថ្នាឡើង ហើយក៏ដេករង់ចាំលទ្ធផលនោះទេ។

ចាស់បុរាណតែងពោលទុកមកថា បើយើងបានពូនភ្នំខ្សាច់គឺដូចជាយើងហ្នឹងបានចូលរួមសាងសង់ព្រះចេតិយ ថ្វាយព្រះសម្មាសម្ពុទ្ធផ្ទាល់អីចឹងដែរ ហើយការរំឭកដល់ព្រះចូឡាមណីចេតិយ ក៏ដូចជាការបូជាដល់ព្រះសម្មាសម្ពុទ្ធផ្ទាល់ដូចគ្នា៕

អត្ថបទដកស្រង់ និងកែសម្រួលពីគេហទំព័រ៖
https://thmeythmey.com/?page=detail&id=69566